ទម្លាប់កំពូលអាត្មានិយមសំខាន់ៗចំពោះខ្លួនឯង ជាពិសេសស្រីៗ ធ្វើឲ្យឆ្អឹងមានបញ្ហាកែលេងកើត
ធម្មជាតិរបស់មនុស្សទូទៅ ចូលចិត្តរបស់ងាយស្រួល ខ្ជិលច្រអូស ហើយចូលចិត្តសប្បាយ រហូតដល់ថ្នាក់អាត្មានិយមភ្លេចគិតពីខ្លួនឯងទៀតផង។ ភាគតិចណាស់ ដែលចេះគិតគូរពីសុខភាពល្អឯង ខណៈភាគច្រើនចូលចិត្តរឿងផឹកស៊ីសប្បាយៗ បង្កើតជាទម្លាប់មិនល្អ បង្កឲ្យមានជំងឺប្រចាំកាយស្រោចស្រង់លេងរួចក៏មាន។
ថ្ងៃនេះ Sabay លើកពីទម្លាប់អាត្មានិយមរបស់មនុស្សសំខាន់ៗ ដែលបង្កើតបានជំងឺមួយស្រោចស្រង់លែងបាន បើទោះមានលុយប៉ុណ្ណាក៏ដោយ។ នោះគឺជំងឺពុកឆ្អឹង ឬឆ្អឹងស្ពោត ដែលកើតឡើងលើមនុស្សគ្រប់គ្នាមិនថាមាន-ក្រឡើយ ដោយធ្វើឲ្យអ្នកជំងឺ ពិការ ព្រមទាំងការធ្វើចលនារាងកាយមានកម្រិត។
១៥% នៃទម្ងន់រាងកាយសរុបរបស់មនុស្ស គឺឆ្អឹង ហើយមានតួនាទីសំខាន់ក្នុងការផ្ដល់ទម្រង់រូបរាងកាយ ការពារសរីរាង្គសំខាន់ៗ និងរក្សាទុកសារធាតុរ៉ែ និងជាតិខ្លាញ់។ វាក៏ផ្ទុកខួរឆ្អឹងដែលផលិតកោសិកាឈាមក្រហម កោសិកាឈាមស និងប្លាកែតទៀតផង។
ប៉ុន្តែ ស្ត្រីប្រឈមនឹងជំងឺពុកឆ្អឹងខ្ពស់ជាងបុរស ដោយសារតែការថយចុះអ័រម៉ូនអ៊ឹស្ត្រូសែនរបស់ស្ត្រី ពេលអស់រដូវ។ ការថយចុះកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន ធ្វើឲ្យដង់ស៊ីតេ [កំហាប់] ឆ្អឹងរបស់ស្ត្រីបាត់បង់បន្តិចម្តងៗ។ បើស្ត្រីមានអាយុលើសពី ៥០ ឆ្នាំ ឬជាមនុស្សដែលក្រមករដូវ ឆាប់អស់រដូវ មានទម្ងន់ខ្លួនស្រាល ឬរាងកាយតូច និងស្តើង នោះនឹងស្ថិតក្នុងចំណោមអ្នកមានហានិភ័យខ្ពស់នៃជំងឺពុកឆ្អឹង។
កាន់តែសំខាន់ជាងនេះ គឺការទទួលជាតិកាល់ស្យូម និងវីតាមីន D បានតិច ជក់បារី ផឹកស្រាច្រើនហួសប្រមាណ និងមិនហាត់ប្រាណ ជាមូលហេតុសំខាន់ៗធ្វើឲ្យកំហាប់ឆ្អឹងថយចុះ។
យ៉ាងណាក៏ដោយ ស្ត្រីអាចការពារ ឬកាត់បន្ថយហានិភ័យជំងឺពុកឆ្អឹងដោយ៖
- កុំផឹកស្រា៖ ការស្រាវជ្រាវរកឃើញថា គ្រឿងស្រវឹងបង្កើនហានិភ័យបាក់ឆ្អឹងត្រគាក និងបាក់ឆ្អឹងដោយសារឆ្អឹងពុក។
- ឈប់ជក់បារី៖ ជក់បារីអាចប៉ះពាល់ដល់កោសិកាឆ្អឹង និងប្រឈមខ្ពស់នឹងការវិវត្តទៅជាជំងឺពុកឆ្អឹង។
- ហាត់ប្រាណ
- ញ៉ាំអាហារសម្បូរជាតិកាល់ស្យូម និងវីតាមីន D (ទឹកដោះគោ គ្រាប់ធញ្ញជាតិ ស៊ុត ត្រីសាលម៉ុង ត្រីធូណា បន្លែស្លឹកបៃតង)។
ជាទូទៅ មនុស្សត្រូវការជាតិកាល់ស្យូមពី ១០០០ ទៅ ១២០០ មិល្លីក្រាមក្នុងមួយថ្ងៃ ដើម្បីរក្សាឆ្អឹងឲ្យមានសុខភាពល្អ។ មនុស្សក៏ត្រូវការវីតាមីន D ដើម្បីជួយរាងកាយស្រូបយកកាល់ស្យូមក្នុងអាហារឲ្យបានល្អដែរ។
ជាធម្មតា ជំងឺពុកឆ្អឹងគ្មានរោគសញ្ញាឡើយ ហើយអ្នកជំងឺអាចដឹងថាគេមានជំងឺឆ្អឹងពុក ពេលមានឆ្អឹងបាក់។ ប៉ុន្តែ អ្នកក៏អាចមានអាការៈ ឈឺឆ្អឹងខ្នង ចង្កេះ កម្ពស់ទាបជាងមុន ឬខ្នងកោង ជាដើម។ អ្នកគប្បីពិនិត្យកំហាប់ឆ្អឹងជាប្រចាំ ដើម្បីជៀសវាងជំងឺពុកឆ្អឹង។
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
- ផេកហ្វេសប៊ុក Healthwise Digest
- អ៊ីមែល healthwisedigest@dksh.com.kh
- វិបសាយ www.healthwise-digest.com ។
ប្រភព៖ Kanha Sabay
អានបន្ត: Kh for Share - http://kh4share.com/bad-habit-make-sick-bone/
Post Comment
No comments